នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងត្រួតពិនិត្យកម្លាំង ព្រមទាំងយុទ្ធោបករណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឡើងធ្វើបទរាយការណ៍ ជូនគណៈធិបតីអំពីការត្រៀមលក្ខណៈសម្បត្តិទាំងកងកម្លាំង និងសម្ភារៈ មធ្យោបាយគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា។ បន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានត្រៀមលក្ខណៈរួចជាស្រេចនូវ សម្ភារៈ មធ្យោបាយ និងពិសេសការរៀបចំបង្កើតឱ្យមានកងអនុសេនាតូច ចំនួន០២កង ដែលជាកម្លាំងរងចាំបទបញ្ជា ត្រៀមចេញបេសកកម្ម ២៤/២៤ម៉ោង ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយក សំលៀកបំពាក់ឈុតបេសកកម្មចំនួន ២,០០០ឈុត និងអាវចំណាំងផ្លាត ចំនួន២០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ផងដែរ ។